ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការទី២ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញស្តីពី «លទ្ធផលនៃការស្រាវជ្រាវបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការការពារផលប្រយោជន៍អាជីវករលក់រាយ» នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទី នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាព្រឹទ្ធសភាមកពីគណៈកម្មការនានា សរុបចំនួន១៦រូប និងមន្រ្តីពាក់ព័ន្ធចំនួន៤០រូប។
លទ្ធផលនៃការសិក្សារស្រាវ ជ្រាវរបស់អគ្គនាយកដ្ឋានស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖
១.ទិដ្ឋភាពទូទៅអាជីវកម្មលក់រាយនៅកម្ពុជា
ទីផ្សារលក់រាយមានតម្លៃប្រមាណ១៣,៣ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដោយត្រូវរំពឹងថានឹងកើនឡើងដល់តម្លៃប្រមាណ១៨,២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៧។ ក្នុងឆ្នាំ២០២៣ ហាងទំនិញលក់រាយទំនើប (modern retail space) ទំហំប្រមាណ ១២២ ០០០ម៉ែត្រការ៉េ នឹងត្រូវបានពង្រីកបន្ថែម (៥១ហាងបានបញ្ចប់ការសាងសង់ និង៧២ហាងទៀតកំពុងសាងសង់)។
២.ក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងសិទ្ធិ កាតព្វកិច្ច និងផល ប្រយោជន៍របស់អាជីវករលក់រាយយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ បានបង្ហាញថា មានបទប្បញ្ញត្តិច្បាប់ចំនួន១៣ ដែលបានចែងពាក់ព័ន្ធនឹងអាជីវកម្មខ្នាតតូច-មធ្យម។
ប្រភព៖ ការិយាល័យជំនួយការអមគណៈកម្មការទី២ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន